អបអរសាទរ! ស្ត្រីជនជាតិខ្មែរ ជាប់តំណាងរាស្ត្រនៅតៃវ៉ាន់
បើទោះបីគណបក្សគួរមីងតាង (KMT) ទទួលបានត្រឹម ៣៥អាសនៈក្នុងចំណោម ១១៣អាសនៈក្ដី ក៏ស្ត្រីដើមកំណើតខ្មែរឈ្មោះ Lin Li Chan ជាប់ឈ្មោះជាតំណាងរាស្ត្រកើតចេញពីជនអន្តោប្រវេសន៍លើកដំបូងក្នុងប្រវត្តិសាស្ត្រតៃវ៉ាន់។
បើតាមការចុះផ្សាយលើសារព័ត៌មាន VOA លោកស្រី Lin Li Chan ឈរឈ្មោះជាបេក្ខភាពលំដាប់ទី៤ នៃគណបក្សគួរមីងតាង (KMT) ដែលទទួលបានត្រឹម ៣៥អាសនៈនៃការបោះឆ្នោតកាលពីថ្ងៃសៅរ៍។ ចំណែកគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ទទួលបានរហូតដល់ទៅ ៦៨អាសនៈ ធ្វើឲ្យលោកស្រី Tsai Ing-wen ក្លាយជាប្រធានាធិបតីស្រីដំបូងបំផុត។
ជីវភាពក្រីក្រលំបាកតោកយ៉ាក បានធ្វើឲ្យអ្នកស្រី Lin Li-chan ឈានជើងចូលដល់ទឹកដីតៃវ៉ាន់ បន្ទាប់ពីរៀបការជាមួយប្ដីជនជាតិតៃវ៉ាន់តាមរយៈភ្នាក់ងារផ្គូផ្គង គូស្រករ។ ពេលនោះអ្នកស្រីមានអាយុទើប ២០ឆ្នាំប៉ុណ្ណោះ ហើយបានជាមួយប្ដីលើទឹកដីថ្មីដែលខ្លួនមិនធ្លាប់ស្គាល់ទាល់តែ សោះ។
ភាពតស៊ូក្នុងនាមជាប្រពន្ធជនបរទេស មិនមែនជាភាពងាយស្រួលឡើយសម្រាប់អ្នកស្រី Lin Li-chan ទាំងផ្នែកភាសា ការទំនាក់ទំនង រួមទាំងការមើលងាយពីប្រជាជននៅទីនោះផង។ យ៉ាងណាក្ដី ការព្យាយាមក្នុងឆាកជីវិត បានធ្វើឲ្យអ្នកស្រី Lin Li-chan ក្លាយជាពលរដ្ឋពេញសិទ្ធិនៅតៃវ៉ាន់ និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៀតផង។
ដោយសារចំណេះដឹងជ្រៅជ្រះ និងធ្លាប់ជាប់ឈ្មោះជាជនអន្តោប្រវេសន៍ឆ្នើមម្នាក់ផងនោះ អ្នកស្រី Lin Li-chan បានសិទ្ធិឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រនៅតៃវ៉ាន់ និងជាប់ជាតំណាងរាស្ត្រនៅពេលនេះ៕
ប្រភព៖ អន្តរជាតិ
អបអរសាទរ! ស្ត្រីជនជាតិខ្មែរ ជាប់តំណាងរាស្ត្រនៅតៃវ៉ាន់
Reviewed by Thida Khmer
on
11:19:00 PM
Rating:

No comments: