ទម្លាយប្រវត្តិតារាកូនកាត់ខ្មែរ Elodie Yung តួឯកស្រីម្នាក់ក្នុងរឿង “Gods of Egypt”
Elodie Yung កើតនៅទីក្រុងប៉ារីស នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨១ (បច្ចុប្បន្នអាយុ៣៥ឆ្នាំ) ដោយឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិបារាំង។ ដោយធំឡើងនៅទីកន្លែងដែលមិនសូវមានខ្មែររស់នៅ Elodie អាចនិយាយភាសាខ្មែរបានតិចតួចបំផុតពីឪពុក។ នាងបានបញ្ចប់ការសិក្សាពីសាលា London Academy of Music and Dramatic Art រួមទាំងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពីសាកលវិទ្យាល័យប៉ារីស (University of Paris)។
“ប៉ាខ្ញុំអាចរួចខ្លួនពីរបបខ្មែរក្រហមបានដោយសារកាលនោះគាត់គឺជាទាហានលន់នល់ ហើយកំពុងហាត់រៀននៅប្រទេសថៃ នៅពេលខ្មែរក្រហមឡើងកាន់អំណាច។ ចំណែកសមាជិកគ្រួសាររបស់គាត់បានស្លាប់ក្នុងសម័យនោះទាំងអស់”។ Elodie រៀបរាប់ប្រាប់ទស្សនាវដ្ដី Audrey។ ក្រោយធ្វើទាហានជាងមួយឆ្នាំ ឪពុករបស់ Elodie បានស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់នៅប្រទេសបារាំង ហើយក៏បានជួបម្ដាយរបស់នាង ដែលជាអ្នកធ្វើការនៅផ្សារទំនើប។ រស់នៅជាយក្រុងប៉ារីស អ្នកទាំងពីរមានកូន៣នាក់ ដោយ Elodie ជាកូនស្រីច្បង ប្អូនប្រុសម្នាក់ជាអ្នករាំ និងប្អូនស្រីម្នាក់គឺជាអ្នកនិស្សិតផ្នែកឌីហ្សាញ។
ក្លាយជាតារាសម្ដែងដោយចៃដន្យ
ប្រឡូកក្នុងការសម្ដែងតាំងពីអាយុ ២០ឆ្នាំ ប៉ុន្តែ Elodie មិនដែលមានក្ដីស្រមៃចាប់យកអាជីពនេះឡើយកាលនៅក្មេង។ តែវាបានកើតឡើងដោយចៃដន្យ នៅពេលនាងចូលរៀនសាលាច្បាប់ បន្ទាប់ពីមិត្តភ័ក្ដិម្នាក់ណែនាំឲ្យនាងចូលធ្វើតេស្តសាកល្បងដើម្បីចូលសម្ដែងក្នុងវីដេអូពាណិជ្ជកម្មមួយ ដើម្បីរកកម្រៃបន្ថែម។ ខណៈដែលនាងមិនបានចូលសម្ដែងក្នុងវីដេអូនោះ អ្នកដឹកនាំភាពយន្តភាគមួយរូបនៅបារាំងបានឃើញនាង ហើយក៏ឲ្យនាងចូលសម្ដែងក្នុងរឿងភាគដ៏ពេញនិយមមួយសម្រាប់យុវវ័យ គឺរឿង “La Vie Devant Nous” ដែលបញ្ចាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៣។
“ក្រោយមានឱកាសនិងប្រឡូកក្នុងការងារសម្ដែងបានមួយឆ្នាំ ខ្ញុំក៏ត្រលប់ទៅរៀនវិញ។ នៅពេលនោះ ខ្ញុំមិនប្រាកដថាខ្លួនឯងចង់ក្លាយជាតារាសម្ដែងទេ។ ខ្ញុំបានរៀនផងនិងសម្ដែងផង ប៉ុន្តែក្រោយមកក៏សម្រេចចិត្តផ្ដោតលើការសម្ដែងជាង។ បន្ទាប់ពីបានជួបអ្នកដឹកនាំនិងអ្នកសម្ដែងជាច្រើន ខ្ញុំក៏ដឹងថាការងារនេះគឺជាការងារត្រឹមត្រូវសម្រាប់ខ្ញុំបំផុត”។ Elodie និយាយ។
![]() |
Elodie Yung ក្នុងរឿង “G.I. Joe” |
អាជីពសម្ដែងនាំ Elodie មកប្រទេសកម្ពុជា ដែលជាទឹកដីកំណើតរបស់ឪពុក
ដោយសារតែអាជីពសម្ដែងនេះហើយ ដែលជួយភ្ជាប់ទំនាក់ទំនងគ្រួសារនាងជាមួយប្រទេសកម្ពុជាវិញ។ “យូរឆ្នាំហើយ ដែលលោកប៉ាខ្ញុំមិនចង់ត្រលប់ទៅប្រទេសកម្ពុជាវិញ ព្រោះមិនចង់នឹកឃើញអតីតកាលដ៏ឈឺចាប់ទាំងអស់។ តែខ្ញុំបានត្រលប់មកកម្ពុជាវិញមុនគាត់”។ Elodie រៀបរាប់។ នៅពេលត្រូវមកថតភាពយន្តនៅប្រទេសថៃ តារាសម្បុរស្រអែមរូបនេះក៏សម្រេចចិត្តធ្វើដំណើរមកប្រទេសកម្ពុជាដែលជាទឹកដីកំណើតឪពុក។ នាងបានបន្តថា៖ “នៅពេលខ្ញុំមកដល់កម្ពុជា ខ្ញុំបានទូរសព្ទទៅគាត់ ហើយទាំងខ្ញុំទាំងគាត់បានយំដូចគ្នាពេលនោះ។ ពីរឆ្នាំក្រោយមក គាត់បានសម្រេចចិត្តមកប្រទេសកម្ពុជា ដោយចុះឡើងៗ (រវាងបារាំងនិងកម្ពុជា) មួយរយៈ រួចហើយក៏សម្រេចចិត្តមករស់នៅប្រទេសកម្ពុជាតែម្ដង”។
ទោះមិនបានត្រលប់មករស់នៅកម្ពុជាជាមួយឪពុក ប៉ុន្តែ Elodie តែងតែចង់ធ្វើអ្វីមួយដើម្បីជួយដល់ប្រទេសកម្ពុជាជានិច្ច។ “នៅពេលខ្ញុំទៅកម្ពុជាឆ្នាំ២០១២ ប្អូនប្រុសខ្ញុំនិងខ្ញុំបានគិតថា ពួកយើងមិនមែនទេសចរទេ តែយើងត្រូវតែធ្វើអ្វីមួយ។ ពួកយើងបានទៅមណ្ឌលកុមារកំព្រា និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ ម្ដាយចុងរបស់ខ្ញុំជាប្រជាជននៅទីនោះ ហើយគាត់បានជួយណែនាំយើងច្រើនអំពីការងារទាំងអស់នោះ” ៕
ប្រភព៖ Sabay
ទម្លាយប្រវត្តិតារាកូនកាត់ខ្មែរ Elodie Yung តួឯកស្រីម្នាក់ក្នុងរឿង “Gods of Egypt”
Reviewed by Thida Khmer
on
2:45:00 PM
Rating:

No comments: