ផ្លូវ​ជាតិ​ដែល​ស្ថាបនា​ដោយ​ជំនួយ​កម្ចី​របស់​ ចិន​​ កំពុង​ក្លាយ​ជា​បញ្ហា​នៅ​កម្ពុជា

ស្ថានភាព​ផ្លូវ​ជាតិ​មួយ​កន្លែង​នៅ​ជាយ​រាជធានី​ភ្នំពេញ
នៅ​ពេល​បើកបរ​រថយន្ត ឬ​ម៉ូតូ​នៅ​លើ​ផ្លូវ​ជាតិ​ដែល​កសាង​ដោយ​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន​ប្រជាជន​កម្ពុជា​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​អំពី​ការ​ធ្លាក់​ជង្ហុក និង​ផ្លូវ​ទឹក​រលក​បើ​ទោះ​ជា​ផ្លូវ​នោះ​កំពុង​ស្ថាបនា ឬ​ក៏​ផ្លូវ​នោះ​ទើប​ស្ថាបនា​រួច​រាល់​ថ្មីៗ​ក៏ដោយ​។

ការ​ស្ថាបនា​ផ្លូវ​ដែល​ចាក់​តែ​ដី​ក្រហម​ហុយ​ទ្រលោម និង​កិន​ថ្ម​ស្តើងៗ​មុន​ចាប់ផ្តើម​ចាក់​កៅស៊ូ​ គឺជា​ប្រពៃណី​របស់​ក្រុមហ៊ុន​សាងសង់​​ផ្លូវ​ថ្នល់​របស់​ចិន​បាន​និង​កំពុង​​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជាក់ស្តែង​ផ្លូវជាតិ​លេខ​ ៦ និង​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​ស្ពាន​ព្រែក​ក្តាម​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល​ក៏​បាន​និង​កំពុង​អនុវត្ត​ដូច​គ្នា​នេះ​ដែរ​។ ដី​ក្រហម​បាន​ហុយ​ប្រទ្បាក់​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​បំពុល​បរិយាកាស​នៅ​អម​សង​ខាង​ផ្លូវ​ព្រោះ​ក្រុម​វិស្វករ​ក៏​ដូចជា​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​ទាំង​នេះ​មិន​បាន​ស្រោច​ទឹក​ដើម្បី​បង្ការ​ការ​ហុយ​ដី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព និង​លំនៅឋាន​ប្រជាពលរដ្ឋ​ទាំង​នោះ​ទ្បើយ​។

ពេល​ខ្លះ​ធុលី​ដី​ហុយ​ខ្លាំង​ក៏​ជាដើម​ហេតុ​នាំ​ឲ្យ​មាន​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជារើយៗ​ក្រៅ​ពី​នោះ​ការ​យឺតយ៉ាវ​នៃ​ការដ្ឋាន​សាងសង់​តាម​អន្លើរ​ខ្លះៗ​ដោយ​បាន​​អូសបន្លាយ​ពេលវេលា​យូរ​ជាង​ផែនការ​ក៏​អាច​នាំ​ទៅ​ដល់​ការ​រអាក់​រអួល​ចរាចរណ៍​ដឹក​ទំនិញ​ឆ្លងកាត់​ដែល​វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ល្បឿន​រីកចម្រើន​របស់​សេដ្ឋកិច្ច​ជាតិ​ទៀត​ផង​។

ដោយ​មាន​បទពិសោធ​ជាង​ដប់​ឆ្នាំ​ក្នុង​អាជីព​បើកបរ​តាក់ស៊ី​ភ្នំពេញ-សៀមរាប​តាម​ផ្លូវ​ជាតិ​លេខ​ ៦ លោក ប៊ុន ធឿន វ័យ ៣៩ ​ឆ្នាំ​បាន​ថ្លែង​ថា៖ «​គ្រប់​ស្ថានភាព​ផ្លូវ​ដែល​ត្រូវ​បាន​សាងសង់​គឺ​វា​តែងតែ​ប្រសើរ​ជាង​ពី​អតីតកាល​បើ​ទោះ​បី​ជា​ផ្នែក​ខ្លះ​​លំបាក​ខណៈ​ផ្លូវ​កំពុង​សាងសង់​ដោយ​មាន​ការដ្ឋាន​ខ្លះ​អត់​​មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់ និង​មាន​ធូលី​ដី​ហុយ​ខ្លាំង​ក៏ដោយ​ក៏​យើង​នៅ​តែ​ទ្រាំ​បាន​ដែរ​។ យើង​ត្រូវ​តែ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​បន្ថយ​ល្បឿន​នៅ​ម្តុំ​នោះ​»​។

«​ខ្ញុំ​បាន​ដឹង​ថា​ការ​សាងសង់​ផ្លូវ​ទាំងឡាយ​គឺ​ភាគច្រើន​ជា​ក្រុមហ៊ុន​របស់​ចិន​។ ចំណែក​លុយ​ចំណាយ​ធ្វើ​ផ្លូវ​ទាំង​នោះ​ខ្ញុំ​អត់​ដឹង​ថា​បាន​មកពី​ណា​ទេ​?»។ នេះ​បើ​តាម​សម្តី​របស់​លោក ធឿន​។ «​ខ្ញុំ​ប្រាថ្នា​ចង់​ឃើញ​ការ​សាងសង់​ផ្លូវ​ទាំង​នោះ​បាន​ចប់​ឆាប់ៗ​ដើម្បី​យើង​ធ្វើ​ដំណើរ​បាន​ស្រួល លឿន​រហ័ស និង​ធ្វើ​ឲ្យ​រថយន្ត​របស់​យើង​ពុំ​ងាយ​ខូច​ផង​»​។

«​ឥឡូវ​នេះ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​សៀមរាប​មាន​ការ​ក្រាល​កៅស៊ូ​ល្អ​ជាង​មុន​ច្រើន​វា​នៅ​សល់​ផ្នែក​លំបាក​ខ្លះៗ​ក្នុង​ស្រុក​បារាយ ខេត្ត​កំពង់ធំ និង​មួយ​ផ្នែក​ធំ​ទៀត​នៃ​ទឹកដី​ខេត្ត​សៀមរាប​»។ នេះ​បើ​តាម​សម្តី​របស់​លោក ធឿន​។

លោក គី ម៉ាប់ វិស្វករ​សាងសង់​ស្ពាន​អាកាស​នៅ​រាជធានី​ភ្នំពេញ​នៃ​ក្រុមហ៊ុន OCIC បាន​ថ្លែង​ឲ្យ​ដឹង​​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ថា​តម្លៃ​នៃ​ការ​សាងសង់​ផ្លូវ​មួយ​មាន​គុណភាព ឬ​អត់​វា​អាស្រ័យ​លើ​តម្លៃ​សម្ភារ និង​ការ​ឌីហ្សាញ​ផ្លូវ​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ និង​អាស្រ័យ​លើ​ទំហំ​ថវិកា​ដែល​ប្រើប្រាស់​ក្នុង​គម្រោង​នីមួយៗ​។

លោក​បាន​បន្ត​ថា​ មុន​សាងសង់​វិស្វករ​បាន​ធ្វើការ​ខួង​ដី​ដើម្បី​ឲ្យ​ដឹង​ពី​គុណភាព​ដី​មុន​នឹង​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​​ប្រើប្រាស់​គ្រឹះ​ផ្លូវ​កម្រិត​ណា និង​ចំណាយ​ថវិកា​ក្នុង​រង្វង់​ប៉ុណ្ណា​ដើម្បី​ស្ថាបនា​ផ្លូវ​ណា​មួយ​នោះ​​ទៅ​តាម​ការ​ឌីហ្សាញ​ជាក់ស្តែង​។

នៅ​ពេល​លើកទ្បើង​ពី​គុណភាព​ផ្លូវ​ដែល​ស្ថាបនា​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​ដែល​សាងសង់​មិន​ទាន់​ចប់​ផង​ប៉ុន្តែ​ផ្លូវ​នោះ​បាន​ខូច​ជា​បណ្តើរៗ​លោក គី ម៉ាប់ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​។

លោក​វិស្វករ ជិន ហុក នាយក​ប្រតិបត្តិ​កោះពេជ្រ​នៃ​ក្រុមហ៊ុន OCIC ដែល​ធ្លាប់​បញ្ចប់​ការ​សិក្សា​ផ្នែក​​វិស្វកម្ម​នៅ​ប្រទេស​ជប៉ុន​បាន​ថ្លែង​ថា​ការ​កសាង​ផ្លូវ​ឲ្យ​មាន​គុណភាព​ខ្ពស់​វា​អាស្រ័យ​លើ​មូលដ្ឋាន​ដី​ខាង​ក្រោម​អាស្រ័យ​លើ​ការ​កិន​បង្ហាប់ កម្រាស់​ដី ឬ​ថ្ម​ដែល​​ត្រូវ​កិន​បង្ហាប់​ច្បាស់​លាស់ និង​​គ្រឿង​បង្គុំ​របស់​ផ្លូវ ​(​ប្រសិន​ជា​ផ្លូវ​បេតុង​)​។

លោក​បន្ត​ថា ​បើ​សិន​ជា​កសាង​ផ្លូវ​បេតុង​ត្រូវ​ចំណាយ​ចន្លោះ​ពី ៤០ ទៅ​ ៥០ ​ដុល្លារ​ក្នុង​មួយ​​ម៉ែត្រការ៉េ​សម្រាប់​អាយុកាល​ផ្លូវ​ដែល​អាច​ធានា​បាន​រយៈពេល​ពី ៣០ ​ទៅ​ ៤០ ​ឆ្នាំ​ប៉ុន្តែ​សម្រាប់​ផ្លូវ​កៅស៊ូ​អាច​មាន​តម្លៃ​ទាប​ជាង​នេះ​បើ​សិន​ជា​មាន​ការ​បង្ហាប់​រួច​។

លោក​បន្ត​ថា៖ «​ស្ថានភាព​នៅ​កម្ពុជា​យើង​មិន​សមស្រប​សម្រាប់​ការ​សាងសង់​ផ្លូវ​កៅស៊ូ​នោះ​ទេ​ដោយសារ​នៅ​កម្ពុជា​មាន​ទឹក​ភ្លៀង​ និង​ទឹក​ច្រើន​ដូច្នេះ​ការ​កសាង​ផ្លូវ​បេតុង​មាន​ភាព​សមស្រប​នឹង​អាកាសធាតុ​នៅ​ទី​នេះ​ជាង​»​។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ការ​ស្ថាបនា​ផ្លូវ​របស់​ក្រុមហ៊ុន​ចិន​ធ្វើ​ទ្បើង​តាម​ស្តង់ដារ​ប្រភេទ​ទី​ ២ ដែល​មាន​អាយុកាល​រយៈពេល ១០ ​ឆ្នាំ និង​ធានា​ជួសជុល​រយៈពេល​ ១ ​ឆ្នាំ​ក្រោយ​ពេល​បញ្ចប់​ការ​សាងសង់ និង​ត្រូវ​ជួស​ជុល​ធំ​រយៈពេល​ ១០ ​ឆ្នាំ​ម្តង​។ លោក​បន្ត​ថា​ចំពោះ​ផ្លូវ​ជាតិ​លេខ​ ៨ គឺ​ដោយសារ​ក្រុមហ៊ុន​ចិន​មក​ដំបូងៗ​ទើប​ពួកគេ​មិន​យល់​ពី​ស្ថានភាព​ដី​នៅ​កម្ពុជា​។

យោង​តាម​គេហទំព័រ www.mpwt.gov.kh របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ផ្លូវ​ជាតិ​លេខ​ ៨ គឺ​គម្រោង​ផ្លូវ​ជាតិ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​ ៦(A) ត្រង់​កំពង់​ចម្លង​ព្រែក​តាមាក់​ឆ្ពោះ​ទៅ​កាន់​ភូមិ​អន្លង់​ជ្រៃ​នៃ​ព្រំប្រទល់​កម្ពុជា-វៀតណាម​។

ផ្លូវ​ជាតិ​នេះ​មាន​ចម្ងាយ​ប្រវែង ១០៩ ​គីឡូម៉ែត្រ​រួម​ទាំង​ស្ពាន ២៨ ​កន្លែង​ប្រវែង​ ២៥៦០ ​ម៉ែត្រ​។ គម្រោង​​សាងសង់​ផ្លូវ​ជាតិ​លេខ​ ៨ ប្រើ​ប្រាស់​ថវិកា​សរុប​​ចំនួន ៧១,៥០ ​​លាន​ដុល្លារ​អាមេរិក​ជា​ប្រាក់​កម្ចី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពី​ធនាគារ EXIM Bank of China, Government of People’s Republic of China (​ធនាគារ​និហរ័ណ​អហរ័ណ​នៃ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​)​។

ផ្លូវ​ជាតិ​លេខ​ ៨ ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction (Group) General Company របស់​ប្រទេស​​ចិន​ដោយ​បាន​ចាប់ផ្តើម​ការដ្ឋាន​ស្ថាបនា​កាល​ខែ​មករា​ឆ្នាំ​ ២០០៨ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី​ ២២ ខែ​វិច្ឆិកា ឆ្នាំ​ ២០១២ កន្លង​មក​។ ផ្លូវ​នេះ​ចាប់​ផ្តើម​ចេញ​ពី​ស្រុក​មុខ​កំពូល​នៃ​ខេត្ត​កណ្តាល​រួច​បន្ត​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ដោយ​ឆ្លងកាត់​ស្រុក​ខ្សាច់​កណ្តាល​នៃ​ខេត្ត​កណ្តាល ស្រុក​ខ្លះ​នៃ​ខេត្ត​ព្រៃវែង និង​ស្រុក​ពញាក្រែក​នៃ​ខេត្ត​ត្បូងឃ្មុំ​។

លោក ហុក បាន​បន្ត​ថា៖ «គុណភាព​ផ្លូវ​នៅ​កម្ពុជា​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​គឺ​ចិន​ជា​អ្នក​រៀបចំ​ហើយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​អ្នក​ត្រួតពិនិត្យ​បច្ចេកទេស និង​ជា​អ្នក​ផ្តល់​ការប្រឹក្សា​»​។ លោក​បន្ត​ថា៖ «​បច្ចុប្បន្ន​យើង​កំពុង​កែ​សម្រួល​តាម​ស្តង់ដា​ជាតិ​របស់​យើង​» ដែល​លោក​មិន​បាន​បញ្ជាក់​ពី​ស្តង់ដារ​នោះ​ជា​អ្វី​នោះ​ទេ​។

សេដ្ឋវិទូ កង ចាន់ដារារ័ត្ន អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​បាន​ថ្លែង​ថា​ការ​កសាង​ផ្លូវ​នៅ​កម្ពុជា​មិន​ថា​កម្ពុជា​សាងសង់​ខ្លួន​ឯង ឬ​ជា​ផ្លូវ​កសាង​ដោយ​ក្រុមហ៊ុន​ចិន​នោះ​ទេ​គឺ​តែងតែ​មាន​បញ្ហា​ព្រោះ​បើ​យើង​​ជួប​អ្នក​ចូលរួម​ដេញ​ថ្លៃ​ទាំងអស់​គ្នា​ពួកគេ​តែងតែ​និយាយ​ពី​ការ​ចំណាយ​ក្រៅ​ផ្លូវការ​លើ​សេវា​រត់ការ​នានា​ដូច្នេះ​គុណភាព​ស៊ីម៉ងត៍ ខ្សាច់ ឬ​ថ្ម​ដែល​គេ​យក​ទៅ​​ប្រើប្រាស់​ក្នុង​ការ​ស្ថាបនា​ក៏​ជា​ផលិតផល​មាន​បញ្ហា​ផង​ដែរ​។

លោក​បន្ត​ថា៖ «​គោលនយោបាយ និង​ឧត្តមគតិ​នៃ​កម្ចី​ពិត​ជា​ល្អ​ប៉ុន្តែ​ការ​អនុវត្ត​គឺ​មាន​ភាព​ផ្សេង​គ្នា​សម្រាប់​ការ​ខ្ចី​បុល​របស់​គេ​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​តែង​មាន​លុយ​លើ​តុ​ក្រោម​តុ​តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​»​។

លោក​បន្ត​ថា៖ «​អ្វី​ដែល​សំខាន់​បំផុត​រដ្ឋាភិបាល​គួរ​បង្កើន​តម្លាភាព និង​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​»​។

សារព័ត៌មាន​ ស៊ីនហួ របស់​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន​បាន​ធ្វើការ​រិះគន់​ជា​លើក​ដំបូង​ទាក់ទង​ទឹក​ប្រាក់​នៃ​ជំនួយ និង​កម្ចី​សម្បទាន​របស់​ប្រទេស​ ចិន ​ដែល​បាន​ជួយ​មក​កម្ពុជា​ពោរពេញ​ដោយ​អំពើ​ពុករលួយ និង​ការ​ប្រើប្រាស់​ជំនួយ​មិន​ចំ​ទិសដៅ​ហើយ​ជា​លទ្ធផល​នៅ​ពេល​ក្រោយ​មក​រដ្ឋាភិបាល​ប្រទេស​ចិន​បាន​រៀបចំ​បទដ្ឋាន​គតិយុត្តិ​នានា​ដើម្បី​ពង្រឹង​គុណភាព​នៃ​ជំនួយ​របស់​ពួកគេ​ដែល​ជួយ​ដល់​ប្រទេស​ជា​មិត្ត​របស់​ខ្លួន​ឲ្យ​ប្រើប្រាស់​បាន​ចំ​ទិសដៅ​៕
ប្រភព៖khmerpost
ផ្លូវ​ជាតិ​ដែល​ស្ថាបនា​ដោយ​ជំនួយ​កម្ចី​របស់​ ចិន​​ កំពុង​ក្លាយ​ជា​បញ្ហា​នៅ​កម្ពុជា ផ្លូវ​ជាតិ​ដែល​ស្ថាបនា​ដោយ​ជំនួយ​កម្ចី​របស់​ ចិន​​ កំពុង​ក្លាយ​ជា​បញ្ហា​នៅ​កម្ពុជា Reviewed by Thida Khmer on 11:34:00 AM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.