មហាសេដ្ឋី​ឥណ្ឌា​ធ្វើ​ឲ្យ​មន្ត្រី​ធនាគារ​ភ្លឺ​ភ្នែក ព្រោះ​ភាព​ឆ្លាត​នឹក​ស្មាន​មិន​ដល់

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ បាន​ដើរ​ចូល​ទៅ​ក្នុង​ធនាគារ​ក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក និង​សួរ​រក​មន្ត្រី​ឥណទាន។ បន្ទាប់​ពី​បាន​ជួប លោក​បាន​ប្រាប់​ទៅ​មន្ត្រី​ឥណទាន​នោះ​ថា លោក​មាន​ដំណើរ​ទស្សនកិច្ច​បែប​ជំនួញ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​រយៈពេល ២​សប្ដាហ៍ ដោយ​ត្រូវ​ការ​ប្រាក់​បន្ទាន់ ៥​ពាន់​ដុល្លារ។

មន្ត្រី​ឥណទាន បាន​ប្រាប់​បុរស​ជនជាតិ​ឥណ្ឌា​នោះ​ថា ធនាគារ​តម្រូវ​ឲ្យ​ដាក់​អ្វី​តម្កល់​ដើម្បី​សុវត្ថិភាព។ ឮ​ដូច​នេះ បុរស​ជនជាតិ​ឥណ្ឌា​ក៏​បាន​ប្រគល់​សោ​ឡាន​មួយ និង​ឯកសារ​រថយន្ត​ម៉ាក Ferrari ថ្មី​សន្លាង​មួយ​គ្រឿង​ដែល​ចត​នៅ​មុខ​ធនាគារ។ មន្ត្រី​ឥណទាន​បាន​យក​រឿង​នេះ ទៅ​ពិភាក្សា​ជាមួយ​នាយក​ធនាគារ។

ឯកសារ និង​រថយន្ត​ដាក់​តម្កល់​គ្មាន​បញ្ហា​អ្វី​ឡើយ ដូច​នេះ​ហើយ​ទើប​នាយក​ធនាគារ ព្រម​ទាំង​មន្ត្រី​ឥណទាន​សម្រេច​ថា​ទទួល​យក។ ក្រោយ​យល់​ព្រម នាយក​ធនាគារ និង​មន្ត្រី​ឥណទាន​បាន​សើច​ដាក់​គ្នា ព្រោះ​បុរស​ឥណ្ឌា​បែរ​ជា​យក​ឡាន Ferrari តម្លៃ ៧៥​ម៉ឺន​ដុល្លារ​ដាក់​បញ្ចាំ យក​លុយ​តែ ៥​ពាន់​ដុល្លារ។ បុគ្គលិក​បាន​បើក​ឡាន​កំពូល​ថ្លៃ​នោះ ចូល​ទៅ​កន្លែង​ចត​នៅ​ជាន់​ក្រោម​ដី​ក្រោម​ធនាគារ។

២​សប្ដាហ៍​ក្រោយ​មក បុរស​ជនជាតិ​ឥណ្ឌា​បាន​វិល​ត្រលប់​មក​វិញ និង​សង​ប្រាក់ ៥​ពាន់​ដុល្លារ ព្រម​ទាំង​ការ​ប្រាក់ ១៥,៤១​ដុល្លារ។ ឃើញ​បែប​នេះ មន្ត្រី​ឥណទាន​បាន​និយាយ​ថាៈ «លោក, យើង​ពិត​ជា​រីករាយ​ណាស់​ដែល​ឲ្យ​លោក​ខ្ចី​ប្រាក់ និង​សង​វិញ​យ៉ាង​ស្រួល​គ្មាន​បញ្ហា… ប៉ុន្តែ​ដូច​ជា​ឆ្ងល់​បន្តិច! ពេល​លោក​ចេញ​បាត់ យើង​ឆែក​ឃើញ​ថា​លោក​ជា​មហាសេដ្ឋី… យើង​គ្រាន់​តែ​មិន​យល់​ថា ហេតុអ្វី​លោក​ត្រូវ​ខ្ចី​លុយ ៥​ពាន់​ដុល្លារ?

បុរស​ឥណ្ឌា​បាន​ឆ្លើយ​ថាៈ «ចុះ​នៅ​ញីវយ៉ក មាន​កន្លែង​ណា​ដែល​ខ្ញុំ​អាច​ចត​ឡាន ២សប្ដាហ៍ ចំណាយ​ត្រឹម ១៥,៤១​ដុល្លារ ហើយ​មក​វិញ​សង្ឃឹម​ថា​មិន​បាត់​នោះ»។ មន្ត្រី​ឥណទាន​ធនាគារ​អស់​ពាក្យ​និយាយ ព្រោះ​ភាព​វៃ​ឆ្លាត​របស់​បុរស​ឥណ្ឌា៕ ​

ប្រភពៈ Angkorpost
មហាសេដ្ឋី​ឥណ្ឌា​ធ្វើ​ឲ្យ​មន្ត្រី​ធនាគារ​ភ្លឺ​ភ្នែក ព្រោះ​ភាព​ឆ្លាត​នឹក​ស្មាន​មិន​ដល់ មហាសេដ្ឋី​ឥណ្ឌា​ធ្វើ​ឲ្យ​មន្ត្រី​ធនាគារ​ភ្លឺ​ភ្នែក ព្រោះ​ភាព​ឆ្លាត​នឹក​ស្មាន​មិន​ដល់ Reviewed by Thida Khmer on 7:52:00 PM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.