ក្បួន​តម្រា​ទស្សន៍​ទាយ​ជោគជតារាសី​ទាំង ១២ ​ឆ្នាំ​របស់​ចិន​ប្រចាំ​ឆ្នាំ វក​ ២០១៦

ភ្នំពេញៈ សម្រាប់​រដូវកាល​ចូលឆ្នាំថ្មី​​ប្រពៃណី​ចិន​ឆ្នាំ​វក​នឹង​ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​ចន្ទ​ទី ៨ ខែ​ កុម្ភៈ ឆ្នាំ ២០១៦ នេះ​​តទៅ​ ខណៈ​​ថ្ងៃ​សែន​ត្រូវ​ធ្វើ​នៅ​ចំ​ថ្ងៃ​អាទិត្យ​​ទី​ ៧ ​ខែ កុម្ភៈ។

ភ្នំពេញ​​ ប៉ុស្តិ៍​ នាំ​អារម្មណ៍​​មិត្ត​អ្នក​អាន​​​មក​ជួប​ជា​មួយ​នឹង​​ហោរាសាស្ត្រ​ ចិន ដែល​មាន​​វ័យ ​​៦៥ ​ឆ្នាំ លោក អ៊ៅ ណន ដែល​មាន​អសយ​ដ្ឋាន​​ផ្ទះ​ចិនសែ​ទល់​មុខចំ​ក្លោង​ទ្វា​​ខាង​កើតនៃ​​​វត្ត​ព្រះពុទ្ធ​ឃោសាចារ្យ​​ហៅ​វត្ត​ចិន​ដំ​ដែក​ ស្ថិត​​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ​ខណ្ឌ​ដូន​ពេញ​។

​ហោរាសាស្ត្រ​ចិន ​វ័យ​ហុក​ប្លាយ​រូប​នេះ​មាន​បទ​ពិសោធ​ទស្សន៍​ទាយ​ ១៨ ​ឆ្នាំ​ បាន​ធ្វើ​ការ​បក​ស្រាយ​​ជោគជតារាសី​សង្ខេប​ពី​ដំណើរ​ជីវិត​នៃ​ឆ្នាំ​នីមួយៗ​ដោយ​មាន​ការ​ប្រាប់​ពី​ហេតុភេទ​ទាំង​ឡាយ​​ដូចជា​ការ​ឆុង​ឆ្នាំនានា​ក្នុង​​អំឡុង​ឆ្នាំ ២០១៦។

ខាង​ក្រោម​នេះ គឺជា​ការ​ទស្សន៍​ទាយ​នូវ​ជោគ​ជតារាសី​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​នីមួយៗ៖

១. ឆ្នាំជូត

សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​ ជូត ​នៅ​ឆ្នាំថ្មី​​នេះ​មាន​រាសី​មធ្យម។ រាល់​ការ​ប្រកប​មុខ​របរ​រក​ស៊ី និង​បំពេញ​ការងារ​នានា​មាន​ដំណើរ​ការ​ល្អ​ចាប់​ដើម​ឆ្នាំ​​តែលុះ​​ទៅ​ដល់​ខែ​ ៦ ឬ ​ខែ ​៧ ​តាម​ចន្ទគតិចិន ​(ចន្លោះ​ខែ​កក្កដា ឬ សីហា)​ ទៅ​នឹង​មាន​ភាព​​អាក់​ខាន​ចូល​លាភ​ និង​​ទ្រព្យ​ធនវិញនោះ​គឺ​រក​មិន​សូវ​បានហើយ​មាន​ការ​ចាយ​វាយ​ធូរៗ​​ ឬ​លើស​ចំណូល​ទៀត និង​កុំ​ឆាប់​ជឿគេ​ពេក​អាច​ខាត​ទ្រព្យ​ ដូច្នេះ​ត្រូវ​ចេះ​វិនិច្ឆ័យ​ត្រង់​ចំណុច​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ចំពោះ​​អ្នកដែល​​នៅ​លីវពុំ​ទាន់​មាន​គូ​​ទាំង​ប្រុស និង​ស្រី​អាច​មាន​ពេល​វេលា​ល្អ​ក្នុង​ការ​រក​គូ​ស្រករ​បាន​មិន​មាន​ភាព​សៅហ្មង​អ្វី​ឡើយ។

កក្តា​សំខាន់​បំផុត​គួរ​ប្រយ័ត្ន​ បើ​តាម​ក្បួន​ចិន​ចាំ​បាច់​ត្រូវ​រៀបចំ​ជើង​ធូប​ចង្ក្រាន​បាយ​ឲ្យ​បាន​ល្អ​ ដោយ​មិន​ឲ្យ​មាន​បង្គន់​នៅ​ចំ​ពី​មុខ ឬស្ថិត​នៅ​ខាង​ក្រោម​បង្គន់ ជាដើម។

២.ឆ្នាំឆ្លូវ

លោក​អ្នក​ដែល​កើត​ឆ្នាំ​ឆ្លូវ​សម្រាប់​ឆ្នាំ​វក​នេះ​ មាន​រាសី​ល្អ​បង្គួរ។ ការ​ប្រកប​របរ និង​បំពេញ​ការ​ងារ​ផ្សេងៗ​ដាក់​លូត​ដុះ​ដាល​ទៅ​មុខ និង​មាន​ជោគ​ជ័យ​គួរ​សម​ តែ​ក៏​តោង​យក​នូវ​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ដែរ។ ចំពោះ​អ្នក​មិន​ទាន់​មាន​គូ​កន​ ទាំង​ប្រុស ទាំង​ស្រី​ដល់​វ័យ​រៀប​ការ​នៅ​ឆ្នាំ​នេះ​អាច​រក​វេលា​ដើម្បី​គិត​គូរ​បាន​គឺ​គ្មាន​ឧបសគ្គ​ឡើយ តែ​ពេលា​មង្គល​ការ​នៅ​ខែ​វស្សា​មិន​ល្អ​ឡើយ។

លក្ខណៈ​ពិសេស​ម្យ៉ាង​ទៀត​សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ​នា​ឆ្នាំវក​នេះ​គឺ​ជា​មនុស្ស​គិត​គូរ​បាន​ម៉ត់​ចត់​ច្បាស់​លាស់ មិន​ជឿ​អ្នក​ដទៃ​ដោយ​ងាយ ឬ​ខ្វះ​ការ​ពិចារណា​រក​ហេតុ និង​ផល​នោះ ហើយ​ឆ្លៀត​រៀបចំ​ជើង​ធូប​ចង្ក្រាន​បាយ​ឲ្យ​​បាន​ត្រឹម​ត្រូវ​តាម​ក្បូន​ទៀត​នោះ​រឹត​តែ​ប្រសើរ។

៣.ឆ្នាំខាល

អ្នក​កើត​ឆ្នាំ​ខាល​​សម្រាប់​​ឆ្នាំ​ថ្មី​ឆ្នាំ​វក​នេះ មាន​រាសី​ល្អ​បង្គួរ។ បើទោះ​បី​ឆ្នាំ​ខាល​មាន​ការ​ឆុង​ខ្លាំង​ជា​មួយ​នឹង​ឆ្នាំ​វក​ និង​លំបាក​ចិត្តយ៉ាង​ណា​ក្តី តែ​ប្រសិន​បើ​លោក​អ្នក​មាន​ការ​រៀបចំ​ទៅ​តាម​ក្បួន​ខ្នាត​ចិន​​សែ​បាន​ត្រឹម​ត្រូវ​នោះ នឹង​ក្លាយ​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​វិញ​សម្រាប់​ការ​ប្រកប​របរ​រកស៊ី​ទទួល​ទាន ឬ​ការ​បំពេញ​ការ​ងារ​គឺ​ទ្រព្យ​ធន​នឹង​ហូរ​ចូល​អាច​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​ផង​ដែរ។ ​

ពិសេស​​នោះ​ត្រូវ​រៀបចំ​ទីតាំង​ជើង​ធូប​ចង្រាន​បាយ​ឲ្យ​បាន​ល្អ​ ដោយ​មិន​ឲ្យ​នៅ​ក្រោយ​​បង្គន់​​ ឬនៅ​ខាង​​ក្រោម​បង្គន់​ទេ និង​​រោង​ទេវតា​នៅ​មុខ​ផ្ទះមិន​ត្រូវ​សង់​នៅ​ខាង​ស្តាំ​ដៃ​ពេល​ដើរ​ចូល​ឡើយ។ ​ដោយសារ​ឆ្នាំ​ខាល​ត្រូវ​ឆុង​ខ្លាំង​នឹង​ឆ្នាំ​វក លោក​អ្នក​ត្រូវ​ទៅ​ធ្វើ​ពិធី​កាត់​គ្រោះ​​ចេញ​ទើប​ជា​ការ​ល្អ ខណៈ​ថ្ងៃ​ល្អ​បំផុត​សម្រាប់​ពិធី​គឺ​ នៅ​ថ្ងៃ​ទី​ ៩​ ខែ ​កុម្ភៈ ​​ឆ្នាំ ២០១៦ ​ខាង​មុខ​នេះ ខណៈ​​ម៉ោង​ដ៏​ល្អ​ចាប់​ពី​ម៉ោង ២ ​រសៀល​រហូត​ដល់​ម៉ោង​ ៥។
ចំពោះ​គូ​ស្នេហ៍ ឬ​គូ​ស្រករ​វិញ បើ​តាម​ក្បូន​ចិន​ឆ្នាំ​ដែលមាន​ការ​​ឆុង​ដូច្នេះ​​គឺជា​ត្រណម​ហាម​ដាច់​ខាត​មិន​ឲ្យ​រៀប​ចំ​ពិធី​មង្គលការ​ឡើយ។

៤.ឆ្នាំថោះ

សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​ថោះ​នៅ​ឆ្នាំថ្មី​នេះ មាន​រាសី​ល្អខ្លាំង។ រាល់​ការ​ប្រកប​រក​ស៊ី ឬ​ការ​បំពេញ​ការងារ​ផ្សេងៗ​មាន​ជោគ​ជ័យ និង​សំណាង​ល្អ​ហូរ​ចូល​រក​ស៊ី​មាន​បាន​មិន​​ដាច់ឡើយ​ ដោយសារ​ឆ្នាំ​នេះ​មិន​មាន​ការ​ឆុង​នឹង​ឆ្នាំ​វក​។ ចំណែក​បុរស​ស្រ្តីទាំង​ឡាយ​ដែល​នៅ​លីវ​នោះ គឺ​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​ការ​រក​ដៃ​គូ ឬ​គូស្រករ​ពោល​ការ​រៀបចំ​មង្គល​ការ​តពូជ​ពង្ស​វង់​ត្រកូល​បាន​ក្នុង​សង្គម​គ្រួសារ។

កត្តា​សំខាន់​នោះ ​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​ការ​រៀបចំ​ជើង​ធូប​ចង្ក្រាន​បាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ ​សម្រាប់​ឆ្នាំ​នេះ​គឺ​នឹង​ជួយ​នាំ​លាភ​សំណាង​កាន់​តែ​ច្រើន​ថែម​ទៀត។

៥.ឆ្នាំរោង

អ្នក​កើត​ឆ្នាំ​រោង​ មាន​រាសី​ល្អ​បង្គួរ។ រាល់​ការ​ប្រកប​រក​ស៊ី ឬ​ការ​បំពេញ​ការងារ​ផ្សេងៗ​មាន​ជោគ​ជ័យ គួរ​សម​ និង​មាន​លាភ​សំណាង​ហូរ​ចូល តែ​ដល់​ខែ​ ៦ (ខែ​កក្កដា) ហាក់​ដូចជា​​មាន​ការ​ឆុង​នឹង​ឆ្នាំ​វក​ ត្រូវ​មាន​ការ​ធ្វើ​ពិធី​កាត់​គ្រោះ​ដែល​ឆុង​នោះ​ចេញ​​ទើប​ជា​ការ​ល្អ​​ព្រោះ​ឆ្នាំ​នេះ​​ត្រូវ​ការ​ទឹក​ទើប​មាន​ភាព​ត្រជាក់​ត្រជំ។

ចំណែកឯ​​ការ​រក​គូ​ស្រករ​វិញ មិន​មាន​អ្វី​ជា​ឧប​សគ្គ​ឡើយ​គឺ​អាច​រក​អ្នក​យល់​ចិត្ត​យល់​ថ្លើម​ក្តី​ស្នេហ៍​សម្រាប់​ត្រើយ​មង្គល​ការ​បាន។

៦.ឆ្នាំម្សាញ់​

លោក​អ្នក​កើត​នៅ​ឆ្នាំ​ម្សាញ់​ ​រាសី​នៅ​ឆ្នាំ​វកនេះ​​ស្រុត​ចុះ គឺ​មិន​ល្អ​ឡើយ។ លោក​​អ្នក​​តែង​​មាន​ចិត្ត​ច្របួក​ច្របល់​ខ្លាំង​ និង​​​មាន​លក្ខណៈ​ស៊ាំញ៉ាំ​ច្រើន​ ជា​ពិសេស​ប្រភេទ​​មនុស្ស​ចូល​ចិត្ត​គិត​ និង​ខ្វល់​ខ្វាយ​នឹង​ទ្រព្យ​សម្បត្តិ​ខ្លួន​ឯង​ ខ្លាច​បាត់​បង់ ឬ​មាន​គេ​មក​ប៉ុនប៉ង ដែល​ជា​ហេតុ​រំខាន​ទៅ​ដល់​ការ​ប្រកប​របរ​ទទួល​ទាន​ និង​កិច្ចការ​ប្រចាំ​ថ្ងៃ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។

ចំពោះ​អ្នក​នៅ​លីវ ទាំង​ប្រុស និង​ស្រី​ អាច​រក​វេលា​រៀប​ការ​បាន តែ​ហាម​រៀប​ចំ​នៅ​ខែ​វស្សា​ឲ្យ​សោះ​គឺ​នឹង​អាច​​​ខាត​បង់​នូវ​ទ្រព្យ​ធន​ក្នុង​ផ្ទះ​ខ្លួន​។

៧.ឆ្នាំ​មមី

ចំពោះ​លោក​អ្នក​កើត​ឆ្នាំមមី​ មាន​រាសី​ល្អណាស់​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​វក​នេះ​។ ការ​ប្រកប​មុខ​របរ​រកស៊ី និង​ការ​បំពេញ​ការ​ងារ​ផ្សេងៗ​គឺ​មាន​ទ្រព្យ​ធន​រក​បាន​ជា​ហូរហែ​មិន​ចេះ​ដាច់ មាន​ទេវតា​ទ្រព្យ​នាំ​សំណាង​ឲ្យ​ ទោះ​បី​ជា​តិច​ក្តី ច្រើន​ក្តី។

ចំណែក​រឿង​រក​វេលា​រៀបចំ​មង្គល​ការ​វិញ​គឺ​សក្តិសម​បំផុត​ព្រោះ​ថា បុរស ឬ​ស្រ្តី​កើត​ឆ្នាំ​មមី​មាន​ជោគ​ជតារសី​ស៊ីគ្នា​ខ្លាំង​ណាស់​នឹង​ឆ្នាំ​វក ប្រសិន​បើ​បាន​រៀប​ការ​នឹង​មាន​ភាព​ត្រជាក់​ត្រជំ​ ចម្រុង​ចម្រើន​ តពូជ​ពង្ស​វង់​ត្រកូល។ រឹត​តែ​ពិសេស​ទៀត​នោះ លោក​អ្នក​នឹង​កើន​នូវ​ទ្រព្យធន​លើស​លប់​ ប្រសិន​បើ​ចេះ​រៀបចំ​នូវ​ជើង​ធូប​ជើង​ក្រាន​បាយ​ឲ្យ​ចំ​ទិស និង​ត្រឹម​ត្រូវ​តាម​ក្បួន​ហុងស៊ុយ។

៨.ឆ្នាំមមែ

រាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ ​នៅ​ឆ្នាំ​វក​នេះ ​ល្អ​បង្គរ។ ដោយ​សារ​ថ្ងៃស៊យ និង​គ្រោះ​កាច​គ្រោះ​ភ័យ​ទាំង​ឡាយ​បាន​ឆ្លង​ផុត​នៅ​​ឆ្នាំ​ចាស់​រួច​អស់​ហើយនោះ ឆ្នាំ​ថ្មី​នឹង​នាំ​មក​នូវ​ជោគ​ជ័យ និង​នាំ​នូវ​សំណាង​ល្អ​មក​វិញ​ដោយ​ផ្តើម​ចេញ​ពី​ការ​គិត​ខ្លាំង​លើ​រាសី​ជើង​ធូប​ផ្ទះ​បាយ​គឺ​ត្រូវ​រៀប​ចំ​កុំ​ឲ្យ​នៅ​ខាង​ក្រោយ​បង្គន់ ឬ​បន្ទប់ទឹក​ និង​នៅ​ខាង​ក្រោម​បង្គន់ ឬ​បន្ទប់ទឹក​ឲ្យ​សោះ​ព្រោះ​និមិត្ត​សញ្ញា​ខាត​លាភ។ ​ការ​ងារ ឬ​ការ​រកស៊ី​នានា​មាន​ភាព​រលូន​ជា​សន្សឹមៗ​ទៅ​មុខ​ជា​និច្ច​។

ចំណែក​អ្ន​ក​ដែល​នៅ​លីវ​វិញ​នោះ​ ក៏​ដល់​ពេល​វេលា​ត្រូវ​រៀបចំ​នូវ​ពិធី​មង្គល​ការ​ទៅ​តាមការ​គួរ​ហើយ។

៩.ឆ្នាំវក

អ្នក​កើត​ឆ្នាំ​វក​មាន​រាសី​ល្អណាស់ បើ​ទោះ​បី​ជា​ត្រូវ​ឆុងគ្នា​រាវង​ឆ្នាំ​វក​ និង​វក​ដូច​គ្នា​ហើយ​មាន​លក្ខណៈ​ពិបាក​យ៉ាង​ណា​ក្តី តែ​អាច​នឹង​ក្លាយ​ជា​លាភ និង​មាន​ទ្រព្យ​ធន​សម្បូរ​ហូរហៀរ​វិញ​ក្នុង​ករណី​លោក​អ្នក​បាន​រៀប​ចំ​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​នោះ។ តែ​លោក​អ្នក​កើត​ឆ្នាំ​វក​ត្រូវ​ធ្វើ​ពិធី​កាត់​គ្រោះ​ឲ្យ​បាន​បី​ដង​ទើប​អាច​ឆ្លង​ផុត​នូវ​គ្រោះ​ឧបទ្រព​ទាំង​ឡាយ ដោយ​ថ្ងៃ​ល្អ​បំផុត​សម្រាប់​ពិធី​គឺ​លើក​ទី ១ ​នៅ​ថ្ងៃ​ទី ​៩ ​ខែ​ កុម្ភៈ ទី ​២ ​ ខែ​តុលា និង​លើក​ទី​បី​ចុង​ឆ្នាំ ២០១៦​ គឺ​នៅ​ចុង​ខែ​ មករា ​ឆ្នាំ ២០១៧ ខាង​មុខ​ ខណៈ​ម៉ោង​ដ៏​ល្អ​ ចាប់​ពី​ម៉ោង ​២ ​រសៀល​រហូត​ដល់​ម៉ោង ​៥។

ចំពោះ​វេលា​រក​គូ​ស្រករ​វិញ​ដូច​ជា​មិនល្អ​ឡើយ​ ដោយសារ​ជា​ឆ្នាំ​ឆុង​គ្នា​នេះ​បើ​តាម​ក្បួន​ខ្នាត​ចិន​សែ​គឺជា​ត្រណម។

១០.ឆ្នាំរកា

សម្រាប់​លោក​អ្នក​កើត​ឆ្នាំរកា រាសី​ស្រុត​ចុះ​ខ្លាំង។ ចំពោះ​ការ​រក​គូស្រករ​វិញ​ បុរស ឬ​ស្រ្តី កើត​ឆ្នាំ​រកា មិន​អាច​ចាប់​គូ​ជា​មួយ​នឹង​បុរស ឬ​ស្រ្តី​ដែល​កើត​ឆ្នាំ​វក​បាន​ឡើយ ខណៈ​ឆ្នាំ​ទាំង​ពីរ​នេះ​មាន​ធាតុ​ភ្លើង​ដូច​គ្នា ប្រសិន​បើ​បាន​រៀបការ​នោះ​គឺ​រស់​នៅ​មិន​សូវ​ជា​បាន​ក្តី​សុខ​សប្បាយ​ឡើយ​គឺ​ច្រើន​តែ​ទាស់​ចិត្ត ទាស់​គំនិត​គ្នា​ឥត​ស្រាក​ស្រាន្ត និង​មាន​អារម្មណ៍​មួម៉ៅ​ក្តី​ក្រហាយ។

រីឯ​ ការ​ប្រកប​មុខរបរ ឬ​បំពេញ​ការងារ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ព្រោះ​អាច​ខាត​បង់​លាភ ឬ​ឋានៈ​បុណ្យ​សក្តិ​ គប្បី​ត្រុវ​ចេះ​គិត​​ពិចារណា​ឲ្យ​សព្វ​ជ្រុង​ជ្រោយ​សិន មុន​នឹង​និយាយ​ហារ​ស្តី ឬ​ក៏​មិន​ត្រូវ​ហ៊ាន​ប្រថុយ​ប្រថាន​ខ្លាំង​ពេក​នោះ​ឡើយ។

១១.ឆ្នាំច

លោក​អ្នក​ដែល​កើត​ឆ្នាំ​ច សម្រាប់​រាសីឆ្នាំ​នេះ​មធ្យម។ លោក​អ្នក​បាន​ឆ្លង​ផុត​នូវ​រាល់​ទុក្ខ​សោក រឿង​សៅហ្មង​ចិត្ត និង​គ្រោះ​កាច​ចង្រៃ​ទាំង​ពួង​នៅ​ក្នុង​ឆ្នាំ​ចាស់​បាន​សាប​រលាប​អស់​ហើយ ដោយ​ចាប់​យក​នូវ​ផល​លាភ​ និង​សំណាង​មក​វិញ​សន្សឹមៗ​គួរ​សម​ មិន​មាន​ឧបសគ្ក​រារាំង​ទៀត​ឡើយ សម្រាប់​ការ​ប្រកប​របរ​រក​ស៊ី ឬ​បំពេញ​ការងារ​ផ្សេងៗ។

ចំណែក​ពេល​វេលា​រក​គូ​ស្នេហ៍ ឬគូ​ស្រករ​នោះ​ក៏​ជា​ការ​ល្អ​សម្រាប់​ផ្តើម​នូវ​សម្ព័ន្ធភាព​សម្លឹង​រក​មើល​ម្ចាស់​បេះដូង​ដោយ​ចំណង​នៃ​ស្ពាន​មង្គល​ការ។ ការ​រៀបចំ​ជើង​ធូប​ចង្ក្រាន​បាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​សម្រាប់​ឆ្នាំ​នេះ ​នឹង​ជួយ​នាំ​លាភ​សំណាង​កាន់​តែ​ច្រើន​ព្រោះ​ចិន​តែង​មាន​លំនាំ​មួយ​មិន​ចោល​ជើង​ក្រាន​បាយ​ឡើយ។

១២.ឆ្នាំកុរ

សម្រាប់​លោក​អ្នក​ដែល​កើត​ឆ្នាំកុរ រាសីឆ្នាំ​នេះ​ស្រុតចុះ​ខ្លាំង។ កត្តា​សំខាន់​គឺ​ឆ្នាំកុរ​នេះ​ត្រូវ​ឆុង​ខ្លាំង​នឹង​ឆ្នាំវក ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ប្រយែងឲ្យ​បាន​ខ្លាំង​មែន​ទែន។ លោក​អ្នក​ត្រូវ​ទៅ​ធ្វើ​ពិធី​កាត់​គ្រោះ​ចេញ​ទើប​ជា​ការ​ល្អ ខណៈ​ថ្ងៃ​ល្អ​បំផុត​សម្រាប់​ពិធី​គឺ​នៅ​ថ្ងៃ​ទី ​៩ ​ខែ ​កុម្ភៈ ​ឆ្នាំ ២០១៦ ​ខាង​មុខ​នេះ ខណៈ​​ម៉ោង​ដ៏​ល្អ​ចាប់​ពី​ម៉ោង ​​២ ​រសៀល​រហូត​ដល់​ម៉ោង ៥។ ចំពោះ​គូ​ស្នេហ៍ ឬ​គូ​ស្រករ​វិញ បើ​តាម​ក្បូន​ចិន ​ឆ្នាំ​ណា​ដែលមាន​ការ​ឆុង​ដូច្នេះ​គឺជា​ត្រណម​​ហាម​ដាច់​ខាត​មិន​ឲ្យ​រៀប​ចំ​ពិធី​មង្គល​ការ​នោះ​ឡើយ។

ការ​រៀប​ចំ​ផ្ទះ និង​គ្រឿង​រណ្ដាប់​សែន

បើ​តាម​ក្បួន​តម្រា​ចិន​សម្រាប់​ឆ្នាំវក​ឆ្នាំ​ថ្មី​ឆ្នាំ​ ២០១៦ នេះ​ជា​សត្វ​ស្វា​ធាតុ​ភ្លើង មាន​អត្តចរិត​ជា​សត្វ​មាន​ចិត្ត​មហិចតា​ធំ ចូល​ចិត្ត​ការ​ផ្សេង​ព្រេងខ្លាំង​ តែ​ឆាប់​ខឹង​សម្បារ​បន្តិច​ ហើយ​ក្នុង​ចំណោម​ឆ្នាំ​សត្វ​ទាំង ១២ មាន​ឆ្នាំ​ចំនួន​បួន​ឆុង​​នឹង​ឆ្នាំ​ វក រួម​មាន​ឆ្នាំ វក ​ខាល ម្សាញ់ និង ​កុរ ​​ខណៈឆ្នាំ ខាល​ និង ​កុរ ​​ឆុង​ជាងគេ​​ជា​មួយ​នឹង​ឆ្នាំវក​។​

ចំពោះ​​វត្ថុ និង​គ្រឿង​លាភ​សំណាង​សម្រាប់​ឆ្នាំ​ វក ​ឆ្នាំ​ ២០១៦ ​នេះ​រួម​លេខ​នាំ​សំណាង​ល្អ​មាន​លេខ ៤ និង ៩ ខណៈ​ពណ៌​ល្អ​មាន​ពណ៌ស ខៀវ និង​មាស ហើយ​ទិស​ជា​ជោគ​សំណាង​ល្អ​មាន​ទិស​ឧត្តរ (ជើង) ពាយ័ព្យ (ជើង​ឈៀង​ខាង​លិច) និង​ទិស​បស្ចឹម (លិច) និង​ខែ​ដែល​ល្អ​គឺ​ខែ ៨ និង​ខែ ១២ តាម​ចន្ទគតិ​ចិន​(ខែ​កញ្ញា និង​ខែ​មករា)។

ចំណែក​វត្ថុ និង​គ្រឿង​មិន​ល្អ​សម្រាប់​ឆ្នាំ​វក​នោះ​រួម​មាន​ លេខ​ ២ និង ៧ គឺជា​លេខ​មិន​ល្អ ពណ៌​ក្រហម និង​ស៊ីជម្ពូ​ជា​ពណ៌​គ្មាន​សំណាង ខណៈ​ទិស​ទក្សិន (ត្បូង) និង​អគ្នេយ៍ (ត្បូង​ឈៀង​ខាង​កើត) ជា​ទិស​មាន​គ្រោះ​កាច និង​ខែ​មិន​ល្អ​គឺ​ខែ ៧ និង​ខែ ១១ តាម​ចន្ទគតិ​ចិន (ខែ​សីហា និង​ខែធ្នូ)។

សម្រាប់​គ្រឿង​រណ្ដាប់ និង​បណ្តាំ​ផ្ញើ​ខាន​មិន​បាន​សម្រាប់​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ចិន​ឆ្នាំ វក ឆ្នាំ ២០១៦ នេះ​​ហោរាសាស្ត្រ​ចិន​លោក អ៊ៅ ណន មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​ខ្មែរ​ដែល​មាន​ជាប់​ឈាម​ជ័រ​ចិន​ទាំង​អស់ គួរ​តែ​រៀប​ចំ​ទីតាំង​​នៃ​​រាសី​​ជើង​ធូប​ជង្ក្រាន​បាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ល្អ​តាម​ក្បួន ​ហុងស៊ុយ​ បើ​ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​ឆ្នាំណា​ក៏​ដោយ​នៃ​ចំណោម​ឆ្នាំ​ទាំង​ ១២​ គឺ​ ត្រូវ​រៀបចំឲ្យ​​បែរ​មុខ​ទៅ​ផ្លូវ​ចូល​ផ្ទះ​ ដោយ​មិន​ឲ្យ​នៅ​ខាង​ក្រោយ​បង្គន់ ឬ ​បន្ទប់​ទឹក និង​នៅ​ខាង​ក្រោម​បង្គន់ ឬ​ បន្ទប់ទឹក​ឡើយ​ព្រោះ​និមិត្ត​រូប​ខាត​លាភ។

ចំណែក​គ្រឿង​ដង្វាយ​សែន ​ទទួល​ទេវតា​វិញ ផ្លែ​ក្រូច​ពណ៌​ក្រហម​ ឬ ​ផ្លែ​សូដា​ ​​ជា​សំណែន​ចាំ​បាច់​ដែល​ខាន​​មិន​បាន ក្រៅ​ពី​សំណែន​ផ្សេងៗ​។ ហើយ​បើ​តាម​ក្បួន​ចិន ​ឆ្នាំវក ​ឆ្នាំ​នេះ ​ទេវតា​ចូល​ចិត្ត​សោយ​ផ្លែ​ អាសង់​ខៃ​ ខណៈ​ឆ្នាំ​នេះ​យើង​អាច​យក​ផ្លែ​ក្រូច​ពណ៌​ក្រហម​ ឬ​ផ្លែ​សូដា​ធ្វើ​ជា​សំណែន»៕
ប្រភព៖Khmerpost
ក្បួន​តម្រា​ទស្សន៍​ទាយ​ជោគជតារាសី​ទាំង ១២ ​ឆ្នាំ​របស់​ចិន​ប្រចាំ​ឆ្នាំ វក​ ២០១៦ ក្បួន​តម្រា​ទស្សន៍​ទាយ​ជោគជតារាសី​ទាំង ១២ ​ឆ្នាំ​របស់​ចិន​ប្រចាំ​ឆ្នាំ វក​ ២០១៦ Reviewed by Thida Khmer on 6:36:00 PM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.