លោក ហ៊ុន សែន ព្រមានធ្វើការរុះរើគណៈរដ្ឋមន្ត្រី
![]() |
លោកនាយករដ្ឋមន្ត្រីក្នុងពិធីនៅក្រសួងបរិស្ថាន |
ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញលោក ហ៊ុន សែន ថ្លែងថាបើតាមការរាប់ចំណាត់ថ្នាក់ក្រសួងដែលធ្វើការងារសកម្ម និងអសកម្មឃើញថាក្រសួងសាធារណការស្ថិតក្នុងចំណាត់ថ្នាក់ក្រោមគេដែលមានន័យថាមានភាពអសកម្ម និងយឺតយ៉ាវក្នុងការដោះស្រាយការងារដូចជាបញ្ហាផ្លូវថ្នល់ ការធ្វើស្លាកលេខឡានជាដើមហើយក្រៅពីនោះមានក្រសួងកសិកម្មមួយដែរ ដែលធ្វើការមានភាពយឺតយ៉ាវ និងមិនហ្មត់ចត់។
លោកបានបន្តថា៖ «ក្រសួងដែលស្ទក់ជាងគេគឺក្រសួងសាធារណការហ្នឹងហើយដែលការងារវាគួរតែត្រូវលឿនជាងគេគាត់ស្ទក់ជាងគេទាំងអស់ថ្ងៃមិញអង្គុយបាយខ្ញុំបានរាប់ចំណាត់ថ្នាក់ថាក្រសួងណាស្ថិតនៅក្នុងគេហៅថាចំណាត់ថ្នាក់ A អាណា B អាណា C ហើយមានក្រសួងមានដល់ F ទៀតហើយអា F ហ្នឹងគឺថាក្រសួងសាធាណការហ្នឹងហ្មងហើយដោយទាំងលោក អ៊ុក រ៉ាប៊ុន [រដ្ឋមន្ត្រី] មួយទៀតគឺក្រសួងកសិកម្ម។ ឥឡូវខ្ញុំនិយាយដោយត្រង់តែម្តងថាវាយឺតពេក ស្ទក់ពេក»។
លោក ហ៊ុន សែន បានថ្លែងបន្តថា៖ «បើមិនប្រកាសអ៊ីចឹងទេអត់ទេប្រឡាំប្រកូវៗអាគេបានសុខសុខនឹងគេទៅអាគេសប្បាយ សប្បាយនឹងគេទៅអាគេកើតទុក្ខសម្ងំស្ងៀមនៅកៀនជញ្ជាំងធ្វើព្រងើយអ៊ីចឹងទៅដល់ពេលហើយព្រោះទុកពេលឲ្យវាប៉ុន្មានឆ្នាំហើយងូតទឹកឆ្លុះកញ្ចក់ដុះក្អែលឥឡូវដល់ដំណាក់កាលព្យាបាលជំងឺហើយ»។
លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថាលោកកំពុងគិតថាតើគួរដោះដូរគណៈរដ្ឋមន្ត្រីនៅក្នុងឆ្នាំនេះឬទេខណៈដែលមានរដ្ឋមន្ត្រីមួយចំនួនមានភាពស្ពឹកស្រពន់ក្នុងការងារបែបនេះ។
លោកបញ្ជាក់ថា៖ «អាពាក្យគ្នាឯងៗហ្នឹង អាហ្នឹងគ្រោះថ្នាក់ដល់ខ្លួនឯងទៀតចេះតែយោគយល់ទៅសណ្តោងផងអីផងខ្ញុំកំពុងតែគិតម៉ោងហ្នឹងតើខ្ញុំនឹងផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីនៅក្នុងឆ្នាំនេះឬអត់? ព្រោះវាពិបាកខ្ញុំដែរដល់ពេលខ្ញុំលូកដៃទៅធ្វើគេថាអំណាចនៅលើមនុស្សម្នាក់ដល់ប្រគល់អំណាចឲ្យរដ្ឋមន្ត្រីធ្វើរដ្ឋមន្ត្រីហ្នឹងគឺថាដូច [ស] ខេង បញ្ជាពីម្សិលមិញម៉ោងថ្មើរនេះអត់ដឹងថាឡានហ្នឹងចាប់បាន ឬមិនបានផងហើយបើលេងតែធុនហ្នឹងធ្វើម៉េច? អាហ្នឹងសុំយកចិត្តទុកដាក់ទាក់ទិននឹងកិច្ចការទាំងអស់នេះ»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងក្រោយពីមានករណីរថយន្តមួយគ្រឿងដឹកអង្ករទម្ងន់ជាង ៧០ តោនបានបើកបរឆ្លងកាត់ស្ពានអ្នកលឿងតាមបណ្តោយផ្លូវជាតិលេខ ១ ដែលបានបណ្តាលឲ្យខូចខាតសាច់កៅស៊ូនៅលើស្ពាន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន បានថ្លែងថាក្រោយពីបានទទួលនូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលក្រសួងនឹងខិតខំពង្រឹងការងាររបស់ខ្លួនបន្ថែមទៀតទៅតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងណាឆ្លើយតបទៅនឹងបញ្ហាទាំងឡាយឲ្យបានទាន់ពេលវេលា។
លោកថា៖ «នេះជាកិត្តិយសខ្ពង់ខ្ពស់ណាស់ដែលសម្តេចតេជោលោកបានណែនាំដោយផ្ទាល់ហើយយើងខ្ញុំនឹងខិតខំអនុវត្តការងារឲ្យកាន់តែសកម្មថែមទៀត»។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ត្រាំ អ៊ីវតឹក មិនអាចទាក់ទងសុំការអធិប្បាយបានទេ។
ប៉ុន្តែនាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងសាធារណការលោក ម៉ា សេងហួត បានថ្លែងថាក្រោយពីមានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្រសួងនឹងពង្រឹងការងារឲ្យមានភាពសកម្មបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា។
លោកបានថ្លែងថា៖ «ក្រសួងនឹងពង្រឹងការងារបន្ថែមទៀតនឹងមានប្រតិកម្មឆ្លើយតបទៅនឹងបញ្ហាឲ្យបានរហ័សជាងនេះទៅតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី»។
លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យលើការអភិវឌ្ឍសង្គមបានគាំទ្រឲ្យមានការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី និងធ្វើកំណែទម្រង់ការងារ ឬផ្លាស់ប្តូរតួនាទីមន្ត្រីដែលអសកម្មខណៈដែលមានក្រសួងមួយចំនួនមានការគ្រប់គ្រងការងារជាន់គ្នា។
លោកថា ដើម្បីឲ្យការអនុវត្តការងារឈានទៅរកភាពជោគជ័យបាន រាជរដ្ឋាភិបាលគួរតែធ្វើកំណែទម្រង់ទាំងធនធានមនុស្ស កែទម្រង់ស្ថាប័ន និងធ្វើការតាមដានវាយតម្លៃសកម្មភាពការងាររបស់មន្ត្រី និងស្ថាប័នទាំងនោះ។
លោកបន្តថា៖ «បើធ្វើកំណែទម្រង់ទាល់តែទី ១ វប្បធម៌បុគ្គលមានន័យថាដូរមនុស្សថ្មី ឬមនុស្សចាស់តែវប្បធម៌ថ្មីក៏បានទី ២ វប្បធម៌ស្ថាប័នឲ្យមានការបើកទូលាយតម្លាភាពទី ៣ ទាល់តែមានការវិភាគមុខងារភារកិច្ចច្បាស់លាស់ហើយមានសូចនាករវាស់វែងការអនុវត្តហ្នឹងអាហ្នឹងបានដឹងអ្នកណាល្អ អ្នកណាអាក្រក់ពេលខ្លះគេមិនមាត់មែនតែគេជួយបានច្រើនបើយើងអត់មានសូចនាករវាស់វែងត្រឹមត្រូវយើងថាគេស្ពឹកស្រពន់ដូចមិនត្រូវអ្នកខ្លះនៅកៀកនឹងនាយករដ្ឋមន្ត្រីភរិយាលោកនាយករដ្ឋមន្ត្រីបានថាអ្នកហ្នឹងល្អអ៊ីចឹងតែកាលណាយើងធ្វើមិនស្រួលវានាំឲ្យមានភាពអយុត្តិធម៌។ ប៉ុន្តែខ្ញុំគាំទ្រឲ្យមានការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីជ្រើសរើសយុវជនក្មេងៗមានសមត្ថភាពទៅយ៉ាងហោចណាស់ក៏មានការប្រែប្រួលច្រើនដែរ»៕
ប្រភព៖khmerpost
លោក ហ៊ុន សែន ព្រមានធ្វើការរុះរើគណៈរដ្ឋមន្ត្រី
Reviewed by Thida Khmer
on
1:06:00 PM
Rating:

No comments: