អ្នករត់តាក់ស៊ីជាច្រើននាក់ នៅជប៉ុន ប្រាប់ពីបទពិសោធន៍ ធ្លាប់ត្រូវខ្មោចលង ក្នុងតំបន់មានរលកយក្ស ស៊ូណាមិឆ្នាំ២០១១

ជប៉ុន៖ ស្របពេលប្រទេសជប៉ុន នឹងជិតដល់ពេល រំលឹកខួប៥ឆ្នាំ នៃសោកដកម្មគ្រោះរញ្ជួយដី និងរលកយក្ស ស៊ូណាមិ បានកើតឡើងកាលពី ឆ្នាំ២០១១ ក៏មានប្រភពព័ត៌មានបរទេសមួយលើកឡើងថា អ្នករត់តាក់ស៊ី ក្នុងតំបន់ មួយចំនួន ដែល បំពេញការងារប្រចាំថ្ងៃ នៅក្នុងតំបន់ដែលកើតហេតុ ធ្លាប់ត្រូវបាន ខ្មោចលង ដោយ ឡើងជិះលើ រថយន្តតាក់ស៊ី របស់ពួកគាត់។
ឡានគរពីលើគ្នា និង អគារបាក់បែក ក្នុងទីក្រុង Ishinomaki ក្រោយរញ្ជួយដី
តាមប្រភពព័ត៌មាន Telegraph បានឲ្យដឹងថា យ៉ាងតិចអ្នកបើកតាក់ស៊ី ចំនួន ៧នាក់ រកស៊ីប្រចាំថ្ងៃនៅតំបន់ ឆ្នេរក្នុងក្រុង Ishinomaki ជាទីក្រុងមួយ ដែលមានមនុស្សរហូតដល់ ៦,០០០នាក់បានបាត់បង់ជីវិត កាលពី ឆ្នាំ២០១១  បានបញ្ជាក់ថា ពួកគេបានធ្លាប់ត្រូវខ្មោចលង។ ពួកគេនិយាយថា អ្នកដំណើរដែលពួកគេ បានដឹក ស្រាប់តែបាត់ខ្លួនសូន្យឈឹងពីក្នុងរថយន្ត យ៉ាងចម្លែកតែម្តង ។

ប្រភពដដែលលើកឡើងថា អ្នកបើកតាក់ស៊ីទាំងនោះ ស្ថិតក្នុងចំណោម អ្នករត់តាក់ស៊ីចំនួន ១០០នាក់ទៀតដែល ត្រូវបាននិស្សិតស្រី ឈ្មោះ Yuka Kudo ជានិស្សិតផ្នែកសង្គមវិទ្យា នៃសាកលវិទ្យាល័យ Tohoku Gakuin បានធ្វើបទសំភាសន៍ ជាផ្នែកមួយសំរាប់ធ្វើជានិក្ខេបបទបញ្ចប់ការសិក្សា។ ក្នុងនោះ បុរសម្នាក់ បានប្រាប់ និស្សិតស្រី Kudo ថា មានស្រ្តីម្នាក់បានឡើងជិះឡានរបស់គាត់ នៅជិតស្ថានីយ៍ Ishinomaki គឺក្រោយប៉ុន្មានខែ បន្ទាប់ពីមានហេតុការណ៍សោកនាដកម្មរញ្ជួយដីបានកើតឡើង ដែល ស្ត្រីម្នាក់នោះ បានប្រាប់គាត់ឲ្យដឹកនាងទៅកាន់ សង្កាត់ Minamihama ដែលនៅទីនោះ អ្នកបើកតាក់ស៊ីថា គឺគ្មានសេសសល់ អ្វីទៀតឡើយ។ អ្នកបើកតាក់ស៊ីប្រាប់ថា គាត់ចងចាំស្ត្រីនោះបានសួរគាត់ថា «តើខ្ញុំបានស្លាប់ឬ?» ហើយភ្លាមនោះ ពេលគាត់ងាកមើលក្រោយ ស្រាប់តែក្នុងតាក់ស៊ីគាត់គ្មានឃើញមនុស្សជិះម្នាក់ឡើយ។
ដងផ្លូវមួយក្នុងទីក្រុងក្រោយច្រើនថ្ងៃបន្ទាប់ពីកើតហេតុ
ដូចគ្នានេះដែរ អ្នកបើកតាក់ស៊ីម្នាក់ទៀត ក៏បានប្រាប់កញ្ញា Kudo ថា ធ្លាប់ដឹកបុរសវ័យខ្ទង់ ២០ឆ្នាំម្នាក់ទៅក្នុង សង្កាត់មួយទៀត​ក្នុងទីក្រុងកើតហេតុ ហើយក៏ស្រាប់តែបាត់ ស្រមោលអ្នកដំណើរពីក្នុងរថយន្តដូចគ្នាដែរ ។

ក្នុងកិច្ចស្រាវជ្រាវរបស់ Kudo បានបញ្ជាក់ថា អ្នកបើកតាក់ស៊ីភាគច្រើន ដែលមានបទពិសោធន៍ដ៏រន្ធត់ ធ្លាប់ជួបខ្មោចនោះ កត់សម្គាល់ថា ពួកគេមានរូបរាង ជាមនុស្សវ័យជំទង់។

កញ្ញា Kudo និស្សិតស្រីដដែលខាងលើ បានឲ្យដឹងទៀតថា មនុស្សវ័យក្មេងមានវិញ្ញាណវិលវល់ខ្លាំង នៅពេលដែលពួកគេស្លាប់ មិនបានជួបមនុស្សដែលពួកគេស្រលាញ់ ហើយកញ្ញាលើកឡើងទៀតថា ពួកគេចង់បង្ហាញឲ្យឃើញពីភាពឈឺចាប់របស់ពួកគេ ដូច្នេះពួកគេប្រហែលជា​ជ្រើសរើស តាក់ស៊ីតែម្តង។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក្រោមការស្វែងរក និងស្រាវជ្រាវនេះ គ្មានអ្នកបើកតាក់ស៊ីណាម្នាក់ ធ្លាប់មានបទពិសោធន៍ត្រូវខ្មោចលង បន្លាចបែបរន្ធត់ៗ ក្នុងរថយន្តតាក់ស៊ី របស់ពួកគេឡើយ។

ប្រភពដដែលបញ្ជាក់ថា មិនមែនមានតែអ្នករត់តាក់ស៊ីទេ ដែលរាយការណ៍ថាបានជួបខ្មោច ក្នុងនោះក៏មាន ប្រជាជនក្នុងតំបន់មួយចំនួនទៀត ក៏បានប្រាប់ថា ពួកគេបានឃើញខ្មោចឈរតម្រង់ជួរគ្នា នៅខាងក្រៅផ្សារ​ទំនើប ឬផ្លូវដើរ ដែលមនុស្សបានស្លាប់ ធ្លាប់រស់នៅ​។

ក្នុងនោះបើតាម លោក Keizo Hara ជាពេទ្យព្យាបាលជំងឺវិកលចរិតម្នាក់ ក្នុងទីក្រុងIshinomaki នេះ បាននិយាយ ក្នុង កិច្ចសំភាសន៍កាលពី ២ឆ្នាំមុន ក្រោយពេលកើតមានសោកនាដកម្មថា កន្លែងដែលអ្នកស្រុក និយាយថា បានឃើញខ្មោចនោះ ជាកន្លែងដែលត្រូវ រលកយក្សស៊ូណាមិ បោកខ្ទេចខ្ទី គ្មានសល់ឡើយ។

តែផ្ទុយទៅវិញ ក្រុមអ្នកស្រាវជ្រាវផ្សេងទៀត លើកឡើងថា ពួកគេគិតថា រឿងចម្លែកៗ ដូចជា ការមើលឃើញ ខ្មោច ឬ ព្រលឹងនោះ គឺប្រហែលជាអារម្មណ៍ដិតដាម នៃហេតុការណ៍ ឬអារម្មណ៍ព្រួយបារម្ភ របស់មនុស្ស ទៅនឹងកន្លែងដែលធ្លាប់មានហេតុការណ៍រន្ធត់កើតឡើង ឬមានមនុស្សស្លាប់នៅទីនោះ  ក៏អាចថាបាន ។

គួរបញ្ជាក់ដែរថា​ បើយោងតាមរបាយការណ៍ផ្លូវការ បានបង្ហាញថា មនុស្សចំនួន ១៥,៨៩៣នាក់ បានបាត់បង់ជីវិតក្រោយពីមានគ្រោះរញ្ជួយដីក្នុងកំរិត ៩ រ៉ិចទ័រ រយៈពេល ៦នាទីដែលបានបង្កើតជារលកយក្ស ស៊ូណាមិ លេប ត្របាក់ ទីក្រុងមួយចំនួនដែលជាប់នឹងសមុទ្ររបស់ប្រទេសជប៉ុន កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ហើយក្នុងនោះ ដែរមនុស្សចំនួន ២,៥៧២នាក់ គឺនៅតែស្ថិតក្នុងបញ្ជីដែលបានបាត់ខ្លួននៅឡើយ៕


ទិដ្ឋភាពក្រោយសោកដកម្មដ៏រន្ធត់
ប្រភព៖ Telegraph | Asiantown

អ្នករត់តាក់ស៊ីជាច្រើននាក់ នៅជប៉ុន ប្រាប់ពីបទពិសោធន៍ ធ្លាប់ត្រូវខ្មោចលង ក្នុងតំបន់មានរលកយក្ស ស៊ូណាមិឆ្នាំ២០១១ អ្នករត់តាក់ស៊ីជាច្រើននាក់ នៅជប៉ុន ប្រាប់ពីបទពិសោធន៍ ធ្លាប់ត្រូវខ្មោចលង ក្នុងតំបន់មានរលកយក្ស ស៊ូណាមិឆ្នាំ២០១១ Reviewed by Thida Khmer on 8:36:00 AM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.