មហាសេដ្ឋី Bill Gates៖ «គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​ត្រូវ​មាន​គុណ​សម្បត្តិ​៤​យ៉ាង!»

កាល​ពី​ពេល​ថ្មី​នេះ លោក Bill Gates ដែល​ទើប​តែ​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​ដែល​មាន​ជាង​គេ​នៅ​លើ​លោក​ម្តង​ទៀត​ក្នុង​ឆ្នាំ​នេះ បាន​​សរសេរ​នៅ​លើ​គេហទំព័រ​ Blog អំពី​ជំនួប​របស់​លោក​ជា​មួយ​នឹង​លោក Richard Feynman ​ជា​​សាស្រ្តាចារ្យ​រូប​វិទ្យា និងជា​អ្នក​វិទ្យាសាស្រ្ត​ដែល​ទទួល​បាន​ពាន​រង្វាន់​ណូបែល ឆ្នាំ ១៩៦៥ និង​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ ១៩៨៨។
ទោះ​បី​ជា លោក Bill Gates ពុំ​ធ្លាប់​ធ្វើ​ជា​សិស្ស​របស់ លោក Feynman ក៏​ដោយ​ក្តី ក៏​លោក​មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្រៀន​របស់​សាស្រ្តាចារ្យ​រូប​នេះ ។ នេះ​ក៏​ដោយ​សារ​តែ​គុណ​សម្បត្តិ ទាំង​ ៤ ​​របស់​លោក Feynman ​ដែល​លោក​ Bill Gates យល់​ថា គ្រូ​បង្រៀន​គ្រប់​រូប​គួរ​តែ​មាន។

ស្រលាញ់​មុខវិជ្ជា​ដែល​ខ្លួន​កំពុង​តែ​បង្រៀន

លោក Bill Gate បាន​ឲ្យ​ដឹង​ថា លោក​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ទឹក​មុខ​ញញឹម​ស្រស់​ថ្លា​របស់​លោក Feyman នៅ​ពេល​ដែល​លោក​ពន្យល់​សិស្ស​ពី​ដំណើរ​កកើត​ឡើង​នៃ​ភ្លើង​ក្នុង​រូបវិទ្យា។ លោក​បាន​បង្ហាញ​ពី​ការ​ស្រលាញ់​ចំពោះ​មុខវិទ្យា​ដែល​លោក​កំពុង​តែ​បង្រៀន ហើយ​វា​ក៏​ជួយ​ឲ្យ​សិស្ស​មាន​អារម្មណ៍​រំភើប​ក្នុង​ការ​សិក្សា​មុខវិជ្ជា​នេះ​ដែរ។

លោក Gates បាន​សរសេរ​ថា៖ «សម្រាប់​គុណ​សម្បត្តិ​នេះ លោក Feynman មាន​ដូច​គ្នា​ទៅ​នឹង​គ្រូ​បង្រៀន​ទៀត​នៅ​ទូទាំង​ប្រទេស​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប។ នៅ​ពេល​ដែល​អ្នក​​ដើរ​ចូល​ទៅ​ក្នុង​ថ្នាក់​រៀន​របស់​ពួកគាត់​ភ្លាម អ្នក​នឹង​មាន​អារម្មណ៍​ទទួល​បាន​នូវ​ថាមពល​ដែល​កើត​ចេញ​ពី​ការ​បង្រៀន​មុខវិជ្ជា​ដែល​គ្រូ​ទាំង​នេះ​ស្រលាញ់​ពេញ​ចិត្ត មិន​ថា​ជា​មុខវិជ្ជា​​អ្វី​ក៏​ដោយ»។

ចេះ​ធ្វើ​ឲ្យ​មុខ​វិជ្ជា​ពិបាក​ក្លាយ​ជា​ងាយ​ស្រួល

រូបវិទ្យា​ គឺជា​មុខវិជ្ជា​មួយ​ដ៏​ស្មុគ​ស្មាញ និង​អរូបី​ ក៏​ប៉ុន្តែ​លោក​ Bill Gates បាន​អះ​អាង​ថា គ្រូ​ដែល​ល្អ​អាច​ធ្វើ​ឲ្យ​មុខ​វិជ្ជា​ពិបាកក្លាយ​ជា​មុខ​វិជ្ជា​មួយ​ដែល​សិស្ស​ងាយ​ស្រួល​យល់។

មាន​ម្តង​នោះ លោក Feynman បាន​បង្រៀន​ក្រុម​មនុស្ស​ដែល​មិន​ធ្លាប់​បាន​រៀន​ ឬយល់​ដឹង​ពី​រូបវិទ្យា​សោះ ក៏​ប៉ុន្តែ​លោក​អាច​ធ្វើ​ឲ្យ​សិស្ស​គ្រប់​គ្នា​យល់​ពី​ប្រធាន​បទ​ដែល​លោក​បង្រៀន​បាន។ អ្នក​អាច​នឹង​ស្វែង​រក​ខ្សែ​អាត់​វិឌីអូ នៃ​សកម្មភាព​បង្រៀន​របស់​លោក​នៅ​លើ​អនឡាញ​បាន។

លោក Bill Gates ថ្លែង​ថា៖«លោក Feynman តែង​តែ​ប្រើ​ប្រាស់​អាថ៌កំបាំង និង​ភាសា​ក៏​ដូចជា​គំនិត​សាមញ្ញ​ក្នុង​ការ​ពន្យល់។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​លោក​កំពុង​តែ​បង្រៀន​ពី​ភ្លើង​ក្នុង​រូបវិទ្យា លោក​នឹង​មិន​និយាយ​ប្រាប់​សិស្ស​ថា លោក​កំពុង​តែ​ពន្យល់​ពួកគេ​ពី​ភ្លើង​នោះ​ឡើយ​រហូត​ដល់​ចុង​មេរៀន»។

ចេះ​ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស​នៅ​ក្នុង​ការ​រៀន

ដូច​គ្រូ​ដ៏​ល្អ​ដទៃ​ទៀត​ដែរ លោក Feynman ចេះ​ទាញ​ចំណាប់​អារម្មណ៍​​របស់​សិស្ស​មក​លើ​ការ​សិក្សា​រូបវិទ្យា និង​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រឿង​ដ៏​សប្បាយ​មួយ។

លោក Bill Gates បាន​និយាយ​ទៀត​ថា៖ «លោក Feynman ធ្វើ​ឲ្យ​វិទ្យាសាស្រ្ត​ក្លាយ​ជា​រឿង​មួយ​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​រំភើប។ លោក​បាន​ធ្វើ​ឲ្យ​ការ​សិក្សា​រូប​វិទ្យា​ក្លាយ​ជា​រឿង​សប្បាយ​មួយ ខណៈ​ដែល​សិស្ស​ទាំង​អស់​អាច​យល់​ពី​វា​បាន»។

មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​រឿង​ជាច្រើន​ដទៃ​ទៀត

លោក Feynman មិន​ត្រឹម​តែ​ជា​គ្រូប​ង្រៀន​ដ៏​ល្អ និង​អ្នក​វិទ្យាសាស្រ្ត​ដ៏​ល្បី​ម្នាក់​ប៉ុណ្ណោះ​នោះ​ទេ តែ​លោក​ក៏​ជា​បុគ្គល​ម្នាក់​ដែល​មាន​ចេះ​ធ្វើ​រឿង​ជា​ច្រើន​ទៀត។ ក្រៅ​ពី​ការ​បង្រៀន​ លោក​ចេះ​ធ្វើ​រឿង​ជាច្រើន​ទៀត​ ដូចជា ​បកប្រែ​ភាសា​បុរាណ និង​លេង​ល្បែង​កម្សាន្ត ដែល​កត្តា​នេះ​បាន​នាំ​មក​នូវ​ថាមពល​មក​ក្នុង​ការ​បង្រៀន​របស់​លោក។

លោក Bill Gate បាន​អះអាង​ថា លោក Feynman គឺ​ជា​តំណាង​នៃ​ទស្សនវិទូ​ដែល​មាន​សមត្ថភាព​ពិតៗ៕

ប្រភព៖ Khmerpost
មហាសេដ្ឋី Bill Gates៖ «គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​ត្រូវ​មាន​គុណ​សម្បត្តិ​៤​យ៉ាង!» មហាសេដ្ឋី Bill Gates៖ «គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​ត្រូវ​មាន​គុណ​សម្បត្តិ​៤​យ៉ាង!» Reviewed by Thida Khmer on 10:22:00 AM Rating: 5

No comments:

Copy Right@Khmer Updated. Powered by Blogger.